ដូចដែលអ្នករាល់គ្នាបានដឹងរួចមកហើយថានៅខែសីហាឆ្នាំនេះ សាំសុងបានបញ្ចេញអាវុធចំនួនពីរដើម្បីគម្រាមកំហែងទីផ្សារស្មាតហ្វូនលើពិភពលោក៕ អាវុធទាំង២នោះគឺ Samsung Galaxy Note 10+ និង Samsung Galaxy Note 10៕ អ្នកទាំងអស់គ្នាប្រហែលជាមានសំនួរថា តើលោកបងទាំងពីរហ្នឹងខុសគ្នាយ៉ាងដូចម្ដេច ហើយមួយណាគួរអោយបេតីជាងជាមិនខាន? ដើម្បីជ្រាបកាន់តែច្បាស់ ខាងក្រោមនេះជាការប្រៀបធៀបពីលក្ខណ:មួយចំនួនរបស់កំពូលស្មាតហ្វូនទាំងពីរ៖
ទំហំអេក្រង់ កម្រិតភាពច្បាស់ ដង់សុីតេអេក្រង់ កម្រាស់និងទំងន់

Galaxy Note 10+ មានទំហំធំជាង Galaxy Note 10 រហូតដល់ ៥ អ៊ីញឯណោះ ពោលគឺ 10+ មានទំហំអេក្រង់រហូតដល់ ៦,៨ អ៊ីញ ខណៈដែល 10 មានទំហំត្រឹមតែ ៦,៣ អ៊ីញតែប៉ុណ្ណោះ។
បើយើងងាកមកមើលពីកម្រិតភាពច្បាស់នៃអេក្រង់របស់ស្មាតហ្វូននីមួយៗគឺ លោកបង 10+ ពាំនាំមកជាមួយកម្រិតច្បាស់ ១៤៤០ គុណនិង ៣០៤០ ភិចសែល (1440 x 3040 pixels) រួមជាមួយដង់សុីតេ ៤៩៨ ខុសស្រលះពី Galaxy Note 10 ដែលមានត្រឹមតែ ១០៨០ គុណនិង ២២៨០ (1080 x 2280 pixels) រួមជាមួយដង់សុីតេត្រឹមតែ ៤០១ ពោលគឺអេក្រង់ត្រឹម Full HD តែប៉ុណ្ណោះ។ បើមិនមិនសូវជាមើលអោយជាក់ទេ កម្រិតភាពច្បាស់នៃអេក្រង់របស់ស្មាតហ្វូនទាំងពីរមិនសូវមានភាពខុសគ្នាប៉ុន្មាននោះទេ។
អ្នកអាចចូលចិត្ត៖ រូបភាពលាក់កាមេរ៉ាមុខរបស់ Note 10/10+
ស្មាតហ្វូនទាំងពីមានកម្រាស់ ៧,៩ មីលីម៉ែត ប្រហែលគ្នា តែខុសគ្នាត្រង់ Galaxy Note 10+ មានទំងន់ ១៩៦ ក្រាម និង Note 10 មានទំងន់ត្រឹមតែ ១៦៨ ក្រាម តែប៉ុណ្ណោះ។
កាមេរ៉ា
បើតាមខ្ញុំទាយ អ្នកបានដឹងរួចមកហើយថា ត្រកូល Note ឆ្នាំនេះជាប់ជាស្ដេចកាម៉េរាក្នុងពិភពស្មាតហ្វូន ដោយបានយកឈ្នះកំពូលស្មាតហ្វូន P 30 របស់ Hauwei និង iPhone XS Max របស់ក្រុមហ៊ុន Apple។ បើអ្នកបានដឹងពីកាមេរ៉ារបស់ Galaxy 10+ 5G នោះ វាមិនភ្ញាក់ផ្អើលចំពោះអ្នកទេដែលអ្នកពេលដែលមើលកាមេរ៉ារបស់ Note 10+។

នៅផ្នែកខាងក្រោយនៃ Galaxy Note 10+ មានកាមេរ៉ាចំនួន ៣ គ្រាប់ និង ToF (Time of Flight)សេនស័រមួយគ្រាប់ យើងនិយាយពីពួកវាម្ដងមួយៗខាងក្រោម៖
អ្នកអាចចូលចិត្ត៖ អ្វីទៅជា ToF កាមេរ៉ា? ហើយវាដំណើរការយ៉ាងម៉េច?
- ១៦ ម៉េហ្គាភិចសិល Ultra wide-angle កាមេរ៉ា មានអាភិចឆ័រ ២,២ (Aperture 2,2) និងអាចអោយយើងថតរូបបានរហូតដល់ ១២៣ ដឺក្រេ។
- ១២ ម៉េហ្គាភិចសិល Wide-angle កាមេរ៉ា មានអាភិចឆ័រចន្លោះពី ១,៥ ទៅ ២,៤ ពោលគឺទំហំអាភិចឆ័រនេះរីករួមទៅតាមបរិមាណពន្លឺនៅកន្លែងដែលយើងថត។
- ១២ ម៉េហ្គាភិចសិល កាមេរ៉ា ដែលមានអាភិចឆ័រ ២,១ ប្រើសម្រាប់តេលេហ្វូតូ (Telephoto)។
- ToF សេនស័រ ប្រើសម្រាប់វាស់ចំងាយឬជម្រៅពីកាមេរ៉ាទៅកាន់រូបភាពដើម្បីធ្វើអោយការថតបែបព្រាលខាងក្រោយ (Bokeh) កាន់តែមានភាពឥតខ្ចោះ។
ចំពោះ Galaxy Note 10 វិញមានត្រឹមតែកាមេរ៉ាបីគ្រាប់តែប៉ុណ្ណោះ៕ គួរអោយសោកស្ដាយដែរដែលសាំសុងមិនដាក់កាមេរ៉ាអោយវាអោយដូច Note 10+។ យ៉ាងណាមិញ កាមេរ៉ារបស់ Note 10+ និង Note 10 មានមុខងារថតវីដេអូព្រាលខាងក្រោយ (Bokeh video) ដែលជាមុខងារថ្មីនិងដំបូងរបស់ត្រកូលសាំសុងទាំងអស់ផងដែរ។
និយាយពីកាមេរ៉ាខាងមុខវិញ គឺទាំង Note 10+ និង Note 10 មានកាមេរ៉ាមួយគ្រាប់ ១០ មេហ្គាភិចសេល (Wide-angle selfies: 80 degrees) ដូចគ្នា ផុសឡើងចំកណ្ដាលផ្នែកខាងលើនៃអេក្រង់តែម្ដង។ កាមេរ៉ាមុខរបស់ម៉ូដែលទាំង២ក៏នាំមកជាមួយមុខងារ Night mode ដែលជំនួយក្នុងការ Selfie ក្នុងទីងងឹតផងដែរ។
មេម៉ូរីនិងអង្គផ្ទុកទិន្នន័យ
និយាយពីមេម៉ូរីនិងអង្គចងចាំវិញ ក្រុមហ៊ុនស្មាតហ្វូននីមួយៗកាន់តែពង្រីកអោយកាន់តែធំជាងមុនដើម្បីទាក់ទាញចិត្តអ្នកប្រើប្រាស់របស់ខ្លួន។ បងប្អូនទាំងពីថ្វីត្បិតតែកើតមកតំណាលគ្នាមែន តែពួកវាមានទំហំមេម៉ូរីនិងអង្គចងចាំខុសគ្នា។ ចំពោះ Note 10+ មានអង្គចងចាំពីរជម្រើសគឺ ២៦៥ ជីហ្គាបៃយ៏ (250 GB) និង ៥១២ ជីហ្គាបៃយ៏ (512 GB) ហើយភ្ជាប់មកជាមួយមេម៉ូរី ១២ ជីហ្គាបៃយ៏ (RAM 12 GB) ដូចគ្នាចំពោះជម្រើសនីមួយៗ លើសពីនេះទៅទៀតយើងក៏អាចបន្ថែមអង្គចងចាំរហូតដល់ ១ តេហ្គាបៃយ៏ ផងដែរ។ ត្រលប់មកមើលកូនប្អូន Note 10 វិញ អង្គចងចាំមិនមានច្រើនជម្រើសនោះទេ គឺមានជម្រើស ២៥៦ ជីហ្គាបៃយ៏ និងមានមេម៉ូរីតែ ៨ ជីហ្គាបៃយ៏ តែប៉ុណ្ណោះ។ រឿងដែលគួរអោយសោកស្ដាយមួយទៀតនោះគឺយើងមិនអាចបន្ថែមអង្គចងចាំខាងក្រៅបានដូចបងរបស់វា Note 10+ នោះទេ។ (ប្រភព៖ GSMARENA)
ទំហំថ្ម
Galaxy Note 10+ និង Galaxy Note 10 បំពាក់នូវថាមពលថ្ម ៤៣០០ មីលីអំពែ និង ៣៥០០ មីលីអំពែរៀងគ្នា។ ទោះបី Note 10 មានទំហំថ្មតូចជាងបងរបស់វាក៏ដោយ អ្នកមិនបាច់ព្រួយបារម្ភទេ ដោយសាររតែកម្រិតភាពច្បាស់នៃអេក្រង់របស់វាតូច ដូចនេះការសុីថ្មរបស់វាក៏កាន់តែតិចដែរ។ ព័ត៍មានល្អមួយទៀតនោះគឺ ទាំងពីរម៉ូដែលបានភ្ជាប់នៅក្នុងប្រអប់រួចជាស្រេចជាមួយនឹងឆ្នាំងសាក ២៥ វ៉ាត់ (ដូចគ្នានិងឆ្នាំងសាករបស់ Galaxy S 10 5G) ដែលអាចសាកថ្មពី ០ ទៅ ១០០ ភាគរយក្នុងរយៈពេលមិនដល់មួយម៉ោងផង។ បន្ថែមពីលើនេះ សាំសុងក៏បានដាក់លក់ឆ្នាំងសាក ៤៥ វ៉ាត់ ដែលអាច (បើតាមការលើកឡើងរបស់សាំសុង)អោយយើងប្រើទូរសព្ទ័មួយថ្ងៃពេញដោយគ្រាន់តែសាកថ្មត្រឹមតែ ៣០ នាទី តែប៉ុណ្ណោះ។
តម្លៃ
ពេលនេះ Galaxy Note 10+ និង Galaxy Note 10 បានមកដល់ទីផ្សារកម្ពុជាហើយ (ការកម្ម៉ង់ទុកមុន)និងប្រហែលដាក់លក់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះ៕ អ្នកអាចស្វែងរកទិញនៅតាមបណ្ដាហាងដៃគូរនានាទូទាំងព្រះរាជាណាចក្រកម្ពុជា។ តម្លៃមានដូចខាងក្រោម៖
- Galaxy Note 10+ មេម៉ូរី ១២ ជីហ្គាបៃយ៏ អង្គផ្ទុកទិន្នន័យ ២៥៦ ជី តម្លៃ ១០៥៩ ដុល្លារ
- Galaxy Note 10 មេម៉ូរី ៨ ជីហ្គាបៃយ៏ អង្គផ្ទុកទិន្នន័យ ២៥៦ ជី តម្លៃ ៨៩៩ ដុល្លារ
ចំពោះពណ៍សូមមើលរូបភាពខាងក្រោម (ពណ៍ខ្លះមិនមាននៅទីផ្សារកម្ពុជានោះទេ)៖

តើខ្ញុំគួរទិញមួយណាទៅ?
តាមការប្រៀបធៀបត្រួសៗខាងលើ យើងឃើញថាម៉ូដែលនីមួយៗមានចំនុចល្អរៀងៗខ្លួន៕ ទោះជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗមានចំណង់ចំណូលចិត្តខុសៗគ្នាក្នុងការជ្រើសរើសអ្វីមួយ ហើយការជ្រើសរើសទៀតសោតអាស្រ័យទៅលើលទ្ធភាពនិងភាពចាំបាច់រៀងៗខ្លួន។ បើអ្នករារែករវៀងបងប្អូនទាំង ២ ខាងក្រោមជាគំនិតខ្លះៗដើម្បីជួយអ្នកក្នុងការសម្រេចចិត្ត៖
- បើអ្នកចូលចិត្តទូរសព្ទ័ដែលមានអេក្រង់ធំនិងកម្រិតបង្ហាញរូបភាពបានល្អ ស្របពេលដែលអ្នកមានថវិការគ្រប់គ្រាន់ផងនោះ អ្នកគួរពិចារណាលើ Galaxy Note 10+។
- បើអ្នកចូលចិត្តទូរសព្ទ័ដែលមានអេក្រង់តូចល្មម កម្រិតច្បាស់ត្រឹម Full HD ក៏មិនអី ហើយមានថវិការតិចតួចផងនោះ អ្នកគួរតែងាកមកមើល Galaxy Note 10 វិញ។
- បើអ្នកចូលចិត្តថតរូបឬវីដេអូដោយប្រើស្មាតហ្វូន Note 10+ ប្រហែលជាជម្រើសដែលអ្នកគួរពិចារណា។
តើអ្នកយល់យ៉ាងណាដែរចំពោះទូរសព្ទ័ទាំងពីរម៉ូដែលខាងលើ? សរសេរក្នុងប្រអប់បញ្ចេញមតិខាងក្រោមដើម្បីចែករំលែកការគិតរបស់អ្នកជាមួយយើងនិងអ្នកអានផ្សេងទៀត។
ចំណាំ ៖ ការប្រៀបធៀបខាងលើក្ដោបខ្លឹមសារមួយចំនួនតែប៉ុណ្ណោះ។ បើអ្នកមានចំណុចកែលម្អឬសំណូមពរ សូមបញ្ចេញមតិនៅខាងក្រោមឬទាក់ទងមកយើងតាមរយៈសារនៅលើវេបសាយឬក៏នៅទំព័រ ទាក់ទងយើង យើងខ្ញុំរីករាយនឹងទទួលនូវរាល់ចំណុចកែលម្អ។ ដោយសារនេះជាអត្ថបទទីមួយរបស់ខ្ញុំ ខ្ញុំសង្ឃឹមថាអ្នកអានរាល់គ្នានឹងអធ្យាស្រ័យរាល់កំហុសខុសឆ្គងដោយអចេតនាទាំងឡាយ។