យើងបានដឹងរួចមកហើយថា កាមេរ៉ារបស់ស្មាតហ្វូនរបស់ក្រុមហ៊ុននីមួយៗ កាន់តែវិវត្តន៏ទៅមុខពីមួយជំនាន់ទៅមួយជំនាន់។ ជាក់ស្ដែងយើងមានឃើញមានក្រុមហ៊ុនស្មាតហ្វូនមួយចំនួនបានបំពាក់កាមេរ៉ាថ្មីនិងទំនើបទៅលើកំពូលស្មាតហ្វូនរបស់ខ្លួន ឧទាហរណ៏ Galaxy S 10+ 5G និង Galaxy Note 10+ ជាដើម ដែលកាមេរ៉ានោះមានឈ្មោះថា ToF កាមេរ៉ា ឬ ToF សេនស័រ។ ចង់ដឹង ToF កាមេរ៉ាមានលក្ខណៈសម្បត្តិបែបណា ហើយដំណើរការយ៉ាងម៉េចនោះ សូមតាមដាននៅខាងក្រោម៖
ToF (Time of Flight) កាមេរ៉ា ប្រើប្រាស់តិចណិចមួយឈ្មោះថា Range Imaging ដើម្បីជំនួយក្នុងការថតរូបភាពអោយបានល្អប្រណិត។ ដំបូង ToF កាមេរ៉ាបាញ់ពន្លឺចេញពីសេនស័រទៅកាន់វត្ថុគោលដៅ ហើយសេនស័រពិសេសនឹងទទួលមកវិញនូវពន្លឺផ្លាត (ចំណាំងផ្លាត) ដែលចាំងមកពីវត្ថុគោលដៅមករក្សាទុក។ បន្ទាប់ពីគណនាចន្លោះពេលរវាងពេលពន្លឺបាញ់ចេញនិងពេលដែលសេនស័រទទួលបានចំណាំងផ្លាត (រយៈពេល = ពេលទទួលបានចំណាំងផ្លាត – ពេលពន្លឺចេញ) រួចរាល់ Software ចាប់ផ្ដើមយករយៈពេលនោះទៅប្រៀបធៀបជាមួយល្បឿនពន្លឺ (ប្រហែល ៣០០ ០០០ ០០០ គីឡូម៉ែត/វិនាទី)។ ពេលដែលដឹងពីកម្រិតល្បឿនដែលពន្លឺចេញពីសេនស័រទៅកាន់វត្ថុគោលដៅ ឬ រយៈពេលដែលបានប្រើដើម្បីអោយពន្លឺនោះត្រលប់មកវិញ យើងអាចដឹងពីចម្ងាយជាក់លាក់រវាងកាមេរ៉ានិងវត្ថុដែលយើងកំពុងថត។ (មើលរូបខាងក្រោម)
ព៍ត៏មានអំពីរង្វាស់ចម្ងាយខាងលើមិនត្រូវបានកត់ត្រាឬសរសេរនៅលើរូបភាពឬមួយ Len របស់កាមេរ៉ានោះទេ ពោលគឺ Software របស់កាមេរ៉ាប្រើប្រាស់រង្វាស់ចម្ងាយនោះនៅខាងក្នុង ដើម្បីជំនួយក្នុងការផ្ដោត (Focus) ទៅលើរូបភាពដែលកំពុងថត និង ភាពច្បាស់របស់រូបភាពនោះអោយកាន់តែមានភាពប្រសើរឡើង ជាពិសេសពេលដែលកន្លែងដែលយើងថតមិនសូវមានពន្លឺគ្រប់គ្រាន់។
ជារួម៖ ToF កាម៉េរា ជួយបែងចែកអោយដាច់ពីគ្នារវាងវត្ថុគោលដៅ និង Background របស់វត្ថុនោះ ដែលជួយអោយយើងទទួលបានរូបភាពច្បាស់ល្អបែបធម្មជាតិ។
តើអ្នកគិតយ៉ាងណាដែរចំពោះ ToF កាមេរ៉ានេះ? សូមបញ្ចេញមតិនៅខាងក្រោមដើម្បីចែករំលែកជាមួយយើងនិងអ្នកអានដ៏ទៃទៀត!
ឯកសារយោង៖ Androidcentral